ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបទ្វេភាគីនៅទឹកដីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមលី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញនូវគោលបំណងដូចគ្នាដើម្បី បង្កើនឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
តាមលទ្ធផលក្រោយកិច្ចជំនួប «ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និង បង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ» ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង រូបឯកឧត្តមផ្ទាល់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរនេះ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ ៖ បាន ចក់







