
សរសៃសូត្រឈូក ជាប្រភេទវាយនភណ្ឌដែលផលិតឡើងដោយប្រើសរសៃដើមឈូក នៅសហភាពមីយ៉ាន់ម៉ា កំពុងធ្វើដំណើរហក់ចូលទៅក្នុងឧស្សាហកម្មកាត់ដេរអន្តរជាតិ ក្នុងនាមជាក្រណាត់ថ្លៃបំផុតមួយរបស់ពិភពលោក។
សរសៃសូត្រនេះ មានដើមកំណើតនៅបឹង Inle ( អ៊ុនឡេ) ក្នុងរដ្ឋ Shan របស់សហភាពមីយ៉ាន់ម៉ា ដែលជាបឹងធំទី២ របស់ប្រទេសនេះ។ ដើម្បីផលិតសូត្រនេះបាន អ្នកស្រុកត្រូវប្រមូលឈូកពិសេសមួយប្រភេទពីបឹងជាមុនសិន បន្ទាប់មកយកសរសៃពីដើមឈូកនោះ មកត្បាញដោយដៃ។
ហើយវាត្រូវចំណាយដើមឈូកដល់ទៅជាងមួយម៉ឺនដើម ទើបទទួលបានក្រណាត់សម្លៀកបំពាក់មួយដុំបាន។ ដំណើរការដែលពឹងផ្អែកលើកម្លាំងពលកម្មទាំងស្រុងនេះ បានធ្វើឲ្យសរសៃសូត្រឈូកនេះក្លាយជាក្រណាត់ថ្លៃបំផុតមួយប្រភេទ ក្នុងពិភពលោក៕