ក្រិក៖ ខ្យល់ព្យុះបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសក្រិក ទួរគី និងប៊ុលហ្គារី ខណៈដែលរយៈពេលនៃកម្ដៅខ្លាំងបាននាំឲ្យមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយកាលពីថ្ងៃពុធ (៦កញ្ញា) ថា យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ នៅភាគពាយ័ព្យនៃប្រទេសទួរគី។
ការិយាល័យអភិបាលក្រុងនៃប្រទេសទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសទួរគី បានទទួលភ្លៀងធ្លាក់ស្មើនឹងអ្វីដែលប្រទេសនេះរំពឹងទុកពេញមួយខែកញ្ញា ក្នុងរយៈពេលប្រាំមួយម៉ោង។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត និងបានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារនៅតំបន់រងគ្រោះដោយទឹកជំនន់ផងដែរ។
ទន្ទឹមនឹងនោះ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី បានកើនឡើងដល់៤នាក់ ខណៈដែលអ្នកទេសចរណ៍ជាច្រើនពាន់នាក់បានរងផលប៉ះពាល់។
ជាមួយគ្នានោះដែរ កងកម្លាំងពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងមនុស្ស៤នាក់ទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ និងអាជីវកម្ម ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅភាគកណ្តាលប្រទេសក្រិកផងដែរ៕

