បាល់ទាត់៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានសំរេចផាកពិន័យជាទឹកប្រាក់ ៥ម៉ឺនអឺរ៉ូលើខ្សែប្រយុទ្ធ AC Milan, Zlatan Ibrahimovic ក្រោយពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់មួយ។ ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៣៩ឆ្នាំរូបនេះត្រូវបាន UEFA ស៊ើបអង្កេត បន្ទាប់ពីមានរបាយការណ៍ព័ត៌មានមួយចុះផ្សាយថា មានភាគហ៊ុនជាមួយក្រុមហ៊ុនភ្នាល់មួយ។
តាមច្បាប់របស់ UEFA កីឡាករបាល់ទាត់មិនអាចធ្វើការវិនិយោគ ជាមួយក្រុមហ៊ុនភ្នាល់បានឡើយ។ Zlatan Ibrahimovic ថ្មីៗនេះទើបតែបានចុះហត្ថលេខាមួយឆ្នាំទៀតជាមួយ AC Milan ដែលធ្វើអោយអតីតខ្សែប្រយុទ្ធ Manchester United រូបនេះលេងបាល់ដល់វ័យ ៤០ឆ្នាំ។ រដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ Ibrahimovic រកបាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ប្រកួត។ Ibrahimovic កាលពីខែមីនាក៏បានត្រលប់មកក្រុមជំរើសជាតិស៊ុយអែតវិញ ក្រោយប្រកាសចូលនិវត្តន៍ ៥ឆ្នាំមុន តែមិនអាចជួយក្រុមស៊ុយអែតបានឡើយ ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបខែក្រោយនេះដោយសាររបួសជង្គង់៕
អត្ថបទ៖នាង សុភាវុធ