រដូវក្តៅឆ្នាំ២០២៣នេះ គឺជារដូវមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦ កញ្ញា)។

រយៈពេលបីខែចាប់ពីខែមិថុនាដល់ខែសីហា សីតុណ្ហភាពបានកើនឡើងលើសពីកំណត់ត្រាមុនដោយគម្លាតដ៏ឆ្ងាយ ជាមួយនឹងសីតុណ្ហភាពជាមធ្យម១៦,៨អង្សាសេ ដែលលើសពីកម្រិតសីតុណ្ហភាពមធ្យមចំនួន០,៦៦អង្សាសេ។
សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ខែសីហា ក៏ជាខែក្តៅបំផុតនៅលើកំណត់ត្រាពិភពលោកផងដែរ ដែលនេះជាខែទី៣ជាប់ៗគ្នា ក្នុងការបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បែបនេះ បន្ទាប់ពីខែមិថុនា និងខែកក្កដា ដែលជាខែក្តៅបំផុតមិនធ្លាប់មាន។
ខែកក្កដា ឆ្នាំ២០២៣នេះ នៅតែជាខែក្តៅបំផុតដែលមិនធ្លាប់មាន ខណៈដែលកំណត់ត្រាខែសីហា ធ្វើឱ្យរដូវក្តៅនៃអឌ្ឍគោលខាងជើងមួយនេះ ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។
នៅក្នុងទ្វីបអឺរ៉ុប ខែសីហា មានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាកាលពីខែមុននោះ លើផ្នែកធំៗនៃអឺរ៉ុបកណ្តាល និងអនុតំបន់អឺរ៉ុបខាងជើង ឬហៅថា តំបន់ស្កានឌី ដែលនាំឱ្យមានទឹកជំនន់ ខណៈដែលប្រទេសបារាំង ក្រិក អ៊ីតាលី និងព័រទុយហ្គាល់បានជួបគ្រោះរាំងស្ងួតដែលនាំឱ្យមានចំហេះព្រៃ។
ទីភ្នាក់ងារនោះបាននិយាយថា សីតុណ្ហភាពជាមធ្យមលើសពីនេះក៏បានកើតឡើងលើប្រទេសអូស្ត្រាលី បណ្តាប្រទេសនៅអាមេរិកខាងត្បូងមួយចំនួន និងជុំវិញទ្វីបអង់តាក់ទិកជាច្រើននៅក្នុងខែសីហាផងដែរ៕
