ប្រធានផ្នែកពង្រីកសមាជិកភាពរបស់សហភាពអឺរ៉ុប (EU )កាលពីថ្ងៃពុធ បានប្រាប់ប្រទេសទួរគីឲ្យដោះស្រាយបញ្ហាជុំវិញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រសិនបើខ្លួនចង់ពង្រឹងការជំរុញរបស់ខ្លួន ដើម្បីចូលរួមជាមួយប្លុកនេះ។

ទីក្រុងអង់ការ៉ា បានធានាការសន្យាពីទីក្រុងប្រ៊ុចសែល ដើម្បីស្តារឡើងវិញនូវការចរចាសមាជិកភាព ដែលជាប់គាំង ជាថ្នូរនឹងការដកការរាំងស្ទះដល់ការជំរុញរបស់ប្រទេសស៊ុយអែតក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូនេះ។
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) បានធ្វើការជួសជុលទំនាក់ទំនងដែលបែកបាក់ជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលជាអាទិភាពមួយរបស់លោក បន្ទាប់ពីបានឈ្នះការបោះឆ្នោតដ៏លំបាកមួយ កាលពីខែឧសភា។
ប្រធានផ្នែកពង្រីកសមាជិកភាពរបស់EU លោក Oliver Varhelyi បានមកទីក្រុងអង់ការ៉ា ដើម្បីថ្លឹងថ្លែង និងវាយតម្លៃទីកន្លែងដែលភាគីនានា អាចស្វែងរកហេតុផលរួម។
លោក Varhelyi បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថា នឹងបង្ហាញនូវ«អ្វីមួយដែលជាក់ស្តែង និងវិជ្ជមាន»សម្រាប់ក្រុមមេដឹកនាំប្លុកនេះ ដើម្បីពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបក្នុងខែធ្នូ។
