កីឡាការ៉ាតេ បានបញ្ចប់ការប្រកួតរបស់ខ្លួនមុនគេ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈមានអត្តពលិកមកពី ៤រាជធានី-ខេត្ត ដណ្ដើមបានមេដាយមាស ។
សម្រាប់អត្តពលិកដណ្ដើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាការ៉ាតេនេះ គឺរាជធានីភ្នំពេញ ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ២ ខណៈខេត្តព្រះសីហនុ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ និងសំរឹទ្ធ ២ សរុប ៥គ្រឿង ។ រីឯខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង និងខេត្តបាត់ដំបង ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៣ សរុប ៨គ្រឿង ។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាដំបូង នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងអរគុណ ចំពោះថ្នាក់ដឹកនាំរាជធានី-ខេត្ត ដែលបានដឹកនាំកីឡាករ-កីឡាការិនីជាសិស្សានុសិស្សចូលរួមការប្រកួតនេះ ។ ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួលបានមេដាយ ឬអត់ តែត្រូវខិតខំហ្វឹកហាត់បន្ថែម ពេលទំនេរពីការសិក្សា ព្រោះការលេងកីឡានាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងការសិក្សា និងសុខភាព ។
មួយវិញទៀត ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញដល់សាលារៀន ក៏ដូចជាក្លិបតាមរាជធានី-ខេត្តទាំងអស់ បន្ដយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍន៍ជំនាញកម្រិតខ្ពស់ដល់សិស្សានុសិស្ស ដែលមានឧបនិស្ស័យជាមួយវិស័យកីឡាបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ស្របតាមកំណែទម្រង់របស់ក្រសួង និងការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងជំរុញឲ្យមានការប្រកួតនេះរៀងរាល់ឆ្នាំ សម្រាប់ផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានចូលរួម ៕ អត្ថបទ៖ លី ឈុនឡា






