ក្រុមអ្នកវិភាគ បាននិយាយថា ជំហានដែលមានកំណត់របស់អ៊ីរ៉ង់ក្នុងការពន្យឺតការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតដល់កម្រិតផលិតអាវុធ អាចជួយបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែមិនបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាន់តែទូលំទូលាយ មុនការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០២៤នោះទេ។

យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ ប្រទេសអ៊ីរ៉ង់បានកាត់បន្ថយអត្រាដែលខ្លួនកំពុងធ្វើឲ្យសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានរហូតដល់៦០ភាគនៃភាពសុទ្ធ ជិតដល់ប្រហែល៩០ភាគរយដែលជាកម្រិត ដែលអាចផលិតអាវុធ ហើយបានកាត់បន្ថយផ្នែកតូចមួយនៃការស្តុកទុក៦០ភាគរបស់ខ្លួន។ .
ប៉ុន្តែការស្តុកទុកនោះ បន្តកើនឡើង។ នៅពេលនេះ ប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមជិតគ្រប់គ្រាន់ហើយ ដែលអាចចម្រាញ់បានដល់ទៅ៦០ភាគរយ បើចម្រាញ់បន្ថែមទៀត គឺសម្រាប់គ្រាប់បែកនុយក្លេអ៊ែរចំនួនបីគ្រាប់ នេះបើយោងតាមនិយមន័យទ្រឹស្តីរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA)។ ប្រទេសនេះ ក៏មានសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដែលត្រូវបានចម្រាញ់ដល់កម្រិតទាបជាងនេះ ដើម្បីផលិតគ្រាប់បែកកាន់តែច្រើន។
ប្រទេសអ៊ីរ៉ង់ ក៏បានបរាជ័យក្នុងការដោះស្រាយកង្វល់របស់IAEAអំពីភ័ស្តុតាងអ៊ុយរ៉ានីញ៉ូម ដែលបានរកឃើញនៅកន្លែងដែលមិនបានប្រកាសចំនួនពីរ ឬធ្វើឲ្យមានរីកចម្រើនលើការស្ដារកាមេរ៉ាត្រួតពិនិត្យឡើងវិញ បើទោះបីជាមានសម្ពាធយូរណាស់មកហើយពីIAEA និងមហាអំណាចលោកខាងលិច ដើម្បីធ្វើដូច្នេះ ក៏ដោយ។
អ្នកវិភាគផ្នែកមិនរីកសាយភាយ និយាយថា ការថយចុះនុយក្លេអែររបស់អ៊ីរ៉ង់ អាចគ្រប់គ្រាន់សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្តស្វែងរកអ្វីដែលពួកគេពណ៌នាថាជា «ការព្រមព្រៀង» ដែលទីក្រុងវ៉ាស៊ីនតោន មិនដែលទទួលស្គាល់ ដើម្បីបន្ថយភាពតានតឹងលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត។
