អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃពុធ (៦ កញ្ញា) ថា ចំនួនអ្នកស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ កំពុងកើនឡើងនៅក្នុងផ្នែកមួយចំនួននៃពិភពលោក ហើយបានជំរុញឱ្យប្រទេសនានាចែករំលែកព័ត៌មាន និងទិន្នន័យឱ្យកាន់តែប្រសើរជាងមុន។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា តំបន់មជ្ឈិមបូព៌ា និងអាស៊ី បានមើលឃើញកំណើនការស្លាប់ ខណៈដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើងនៅអឺរ៉ុប។
អ្នកដឹកនាំបច្ចេកទេសសម្រាប់ជំងឺកូវីដ-១៩ លោកស្រី Maria Van Kerkhove បាននិយាយថា និន្នាការនេះគួរឱ្យព្រួយបារម្ភណាស់ ខណៈខែត្រជាក់កំពុងខិតមកដល់នៅទ្វីបអឌ្ឍគោលខាងជើងមួយនេះ ដោយនោះជារយៈពេលដែលមនុស្សមានទំនោរស្នាក់នៅក្នុងផ្ទះ ហើយផ្តល់ឳកាសដល់មេរោគកូវីដក្នុងការរីករាលដាលកាន់តែលឿន។
លោកស្រីបានបន្ថែមថា អង្គការ WHO បានប៉ាន់ប្រមាណថា «មនុស្សរាប់រយពាន់នាក់» កំពុងសម្រាកនៅមន្ទីរពេទ្យឥឡូវនេះ ដោយសារតែជំងឺកូវីដ-១៩។ កាលពីខែឧសភា ឆ្នាំ២០២៣ ទីភ្នាក់ងារសុខភាពមួយនេះ បានបញ្ចប់ស្ថានភាពអាសន្នជាសកលសម្រាប់ជំងឺកូវីដ-១៩ ដែលមានរយៈពេលច្រើនជាងបីឆ្នាំបន្ទាប់ពីការប្រកាសកាលពីមុនរបស់ខ្លួន៕

