នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានចូលរួមថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំលើកទី ៤៣ ។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេដឹកនាំមកពីប្លុកក្នុងតំបន់មួយនេះ បានរៀបចំកិច្ចប្រជុំកំពូលជាមួយលោក Guterres និងលោក Modiដែលទើបតែធ្វើដំណើរមកដល់កាលពីល្ងាចថ្ងៃពុធម្សិលមិញ ។
ដោយឡែក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិកាធំទូលាយជាងនេះ រួមមានទាំងចិន ឥណ្ឌា ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងត្រូវរៀបចំផងដែរ ។
ខណៈពេលនោះដែរ ក្រុមរដ្ឋមន្រ្តីមកពីប្លុកក្នុងតំបន់ បានជួបប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលផែនការសន្តិភាពជាប់គាំងរបស់ពួកគេ សម្រាប់សហភាពមីយ៉ាន់ម៉ា ក្រោយខកចិត្តចំពោះការខកខានរបស់យោធាគ្រប់គ្រងអំណាច ក្នុងការបញ្ចប់អំពើហិង្សា រយៈពេលជាង ២ឆ្នាំ បន្ទាប់ពីពួកគេរឹបអូសអំណាចដោយរដ្ឋប្រហារ ៕
