ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo មិនស្ថិតក្នុងបញ្ជីកីឡាករ ៣០ នាក់ចុងក្រោយដែលអាចឈ្នះពាន កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។
ខ្សែប្រយុទ្ធរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr រូបនេះ ធ្លាប់ឈ្នះពានជ័យលាភី នៃទស្សនាវដ្តីបារាំងមួយនេះចំនួន ៥ លើករួចមកហើយ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup នៅកាតាឆ្នាំមុនស្ថិតក្នុងបញ្ជីនេះ ហើយក៏ជាបេក្ខភាពជួរមុខដែលគេគិតថាអាចឈ្នះពាននេះជាលើកទី ៨ ក្នុងអាជីព។

ចំណែកឯខ្សែប្រយុទ្ធ Manchester City, Erling Haaland ក៏មិនអាចរំលងបានដែរ ដោយកីឡាករន័រវេសរូបនេះទើបឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុបក្រោយជួយ City ឈ្នះពាន ៣ ក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។
ជាមួយគ្នានោះដែរខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏ស្ថិតក្នុងបញ្ជី ៣០ នាក់ចុងក្រោយផងដែរ។
ចំណែកផ្នែកនារី ខ្សែប្រយុទ្ធ Barcelona, Alexia Putellas ដែលឈ្នះពាននេះ ២ ឆ្នាំជាប់គ្នាមកហើយនោះ មិនស្ថិតក្នុងបញ្ជី ៣០ នាក់ចុងក្រោយឡើយ។
ខ្សែប្រយុទ្ធ Chelsea, Sam Kerr និងខ្សែប្រយុទ្ធ PSG, Kadidiatou Diani ស្ថិតក្នុងបញ្ជី ៣០ នាក់រួមជាមួយកីឡាការិនីរបស់ Barcelona, Aitana Bonmati ដែលទើបជួយអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោកខែមុន។
ពិធីប្រគល់ពានជ័យលាភី Ballon d’Or នឹងត្រូវប្រកាស និងធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ