កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, US Open បីឆ្នាំជាប់គ្នាហើយ ក្រោយបញ្ចប់ក្តីស្រម៉ៃរបស់កីឡាការិនីចិន Zhang Qinwen នៅវគ្គ ៨ នាក់ចុងក្រោយ។
Sabalenka ដែលនឹងឡើងឈរតំណែងលេខ ១ ពិភពលោកក្រោយចប់ព្រឹត្តិការណ៍នេះ បានយកឈ្នះ Qinwen ៦-១ និង ៦-៤។

ជុំបន្តកីឡាការិនីវ័យ ២៥ ឆ្នាំបេឡារុសរូបនេះនឹងត្រូវជួបជាមួយអតីតជើងឯករងឆ្នាំ ២០១៧ កីឡាការិនីអាមេរិក Madison Keys ដែលបានយកឈ្នះជើងឯក Wimbledon, Marketa Vondrousova ៦-១ និង ៦-៤។
Sabalenka នឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។
កីឡាការិនីប៉ូឡូញ Iga Swiatek បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ ២០២២ បន្ទាប់ពីការចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើកបន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ
