រដ្ឋមន្រ្តីជាន់ខ្ពស់មួយរូបរបស់ឥណ្ឌូនេស៊ី បាននិយាយថា ចិន និងឥណ្ឌូនេស៊ី បានពិភាក្សាលើការបន្តគម្រោងផ្លូវរថភ្លើងល្បឿនលឿនផ្តល់មូលនិធិរាប់ពាន់លានដុល្លារដោយទីក្រុងប៉េកាំង ក្រោយនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង) ឡើងជិះរថភ្លើងល្បឿនលឿន អំឡុងពេលរត់សាកល្បងកាលពីថ្ងៃពុធ ។

លោក Luhut Pandjaitan គឺជារដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកកិច្ចការសមុទ្រ និងការវិនិយោគទុន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ផ្លូវរថភ្លើងល្បឿនលឿនចម្ងាយ ១៤២គ.ម បច្ចុប្បន្នតភ្ជាប់រដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុងបានឌុង ។ គម្រោងបន្តផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងធំបំផុតទី ២ ស៊ូរ៉ាបាយ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានចម្ងាយជាង ៧០០គ.មនៅទូទាំងកោះជ្វា ត្រូវបានពិភាក្សាជាមួយលោក Li ហើយនាយករដ្ឋមន្រ្តីចិនរូបនេះ បានបង្ហាញការគាំទ្រ ។
លោក Li និងលោក Luhut បានធ្វើតេស្តរថភ្លើងល្បឿនលឿន លើផ្លូវចម្ងាយជិតពីទីក្រុងហ្សាកាតា ទៅកាន់តំបន់ជាយក្រុងទីក្រុងមួយនេះ ។
គួរឲ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ របស់ប្រនាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយ ក្រវាត់មួយរបស់ចិន បានជួបបញ្ហាជាច្រើន ចាប់ពីបញ្ហាលទ្ធកម្មដីធ្លី ការពន្យាពេលការសាងសង់ដោយសារជំងឺ COVID-19 ហើយនិងការចំណាយលើសគម្រោង ៕
