ការសំរេចបណ្តេញគ្រូបង្វឹកដែលទើបដឹកនាំក្រុមឈ្នះជើងឯកពិភពលោក គឺជារឿងអយុត្តិធម៌បំផុត នេះជាការលើកឡើងរបស់លោក Jorge Vilda ដែលទើបត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំក្រុមជម្រើសជាតិនារីអេស្ប៉ាញឈ្នះជើងឯកពិភពលោក។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានសំរេចបញ្ចប់តំណែងលោក Jorge Vilda កាលពីថ្ងៃអង្គារកន្លងទៅ ដោយតែងតាំងលោកស្រី Montse Tome បន្តតំណែង។
ការចែកផ្លូវគ្នានេះ ត្រូវបានគេសង្ស័យថាមានពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ អេស្ប៉ាញ Luis Rubiales ដែលទើបត្រូវបានបញ្ចប់តំណែង និងបញ្ឈរជើងដោយ FIFA ក្រោយថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ក្រោយឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ World Cup នារីកាលពីខែមុន។

បុរសវ័យ ៤២ ឆ្នាំ Jorge Vilda បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Cadena SER ថា ក្នុងន័យកីឡា លោកសូមទទួលយកការរិះគន់គ្រប់ទម្រង់ទាំងអស់ តែក្នុងរឿងផ្ទាល់ខ្លួន លោកគិតថាជារឿងអយុត្តិធម៌បំផុត។
លោកបានបន្តថា វាជាឆ្នាំដ៏អស្ចារ្យមួយរបស់ក្រុមនារីអេស្ប៉ាញ តែផ្ទុយទៅវិញលោកមិនបានទទួលការវែកញែក រឺជជែកគ្នាដោយផ្ទាល់ទល់មុខគ្នាឡើយ មិនតែលឺពីក្រោយខ្នង ហើយក៏ឈានដល់ការចែកផ្លូវតែម្តង។
រំលឹកថា អេស្ប៉ាញបានយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅដើម្បីគ្រងជើងឯកបាល់ទាត់នារីពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត មុនពេលដែលការអបអរដោយរំភើបចិត្តថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ដោយប្រធានសហព័ន្ធដែលត្រូវបានដកតំណែង Luis Rubiales៕ អត្ថបទ៖នាង សុភាវុធ
