គុយបា ៖ រដ្ឋាភិបាលគុយ បានិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងក្រុមដែលបានជ្រើសរើសពលរដ្ឋគុយបា ដើម្បីរួមប្រយុទ្ធជួយរុស្ស៊ី នៅអ៊ុយក្រែន។
ប៉ុន្តែការបង្ក្រាបនេះ ទំនងជាគ្រាន់តែជាការធ្វើឲ្យល្អមើលប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសគុយបា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការដើម្បីរុះរើ «បណ្តាញជួញដូរមនុស្ស» ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ក្នុងគោលបំណងជ្រើសរើសជនជាតិគុយបា ដើម្បីប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍នៃក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនដែលផ្តល់ប្រាក់ដល់ពលរដ្ឋគុយបា ដែលមានឆន្ទៈចង់ប្រយុទ្ធ នៅអ៊ុយក្រែន។
លោក Chris Simmons អ្នកជំនាញចារកម្មគុយបា និងជាអតីតមន្ត្រីប្រឆាំងការស៊ើបការណ៍ជាមួយទីភ្នាក់ងារស៊ើបការណ៍ការពារជាតិ បានថ្លែងប្រាប់សារព័ត៌មានNPRថា៖«ទោះជាយ៉ាងណាក៏ដោយ គំនិតដែលថា ក្រុមមួយនៅក្នុងប្រទេសគុយបា អាចដំណើរការក្រុមទាហានស៊ីឈ្នួល ដោយរដ្ឋាភិបាលពុំបានដឹងនោះ គឺជារឿងមួយគួរឲ្យអស់សំណើច»។
លោក Simmons បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖«ខ្ញុំគិតថា ការពន្យល់ដ៏ងាយស្រួល និងខ្លីចំពោះមូលហេតុ ដែលរដ្ឋាភិបាលគុយបា បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដោយថ្កោលទោសក្រុមអាថ៌កំបាំងនោះ«គឺដោយសារតែពួកគេត្រូវបានគេចាប់ខ្លួន»។ «នេះគ្រាន់តែជាសហគ្រាសឧក្រិដ្ឋកម្មចុងក្រោយបង្អស់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលគុយបា ហើយនៅពេលណាដែលពួកគេចាប់បានជាប្រវត្តិសាស្ត្រ ទង្វើដំបូងរបស់ពួកគេ គឺបដិសេធវា ហើយបន្ទាប់មកដាក់គុកបុគ្គលមួយចំនួនជាភ័ស្តុតាងថា ពួកគេពុំបានដឹងឡើយ»។

