អាមេរិក ៖ ក្រុមហ៊ុនឱសថ Moderna និងក្រុមហ៊ុន Pfizer របស់អាមេរិក បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលធ្វើបច្ចុប្បន្នភាពរបស់ពួកគេ បង្កើតការឆ្លើយតបអង់ទីគ័រខ្លាំងនៅក្នុងការធ្វើតេស្តប្រឆាំងនឹងវីរុសបំប្លែងថ្មីមានការផ្លាស់ប្តូរហ្សែនខ្ពស់ BA.2.86 ដែលធ្វើឲ្យកើតមានក្តីកង្វល់ពីការហក់ឡើងខ្ពស់ករណីឆ្លងថ្មី ។
ក្រុមហ៊ុន Moderna និយាយថា ដូសរបស់ខ្លួនបង្កើតកំណើនជាង ៨ដង ក្នុងការបន្សាបអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងថ្មី BA.2.86 ធៀបជាមួយការឆ្លើយតបអង់ទីគ័រធម្មជាតិពុំបានបន្សាបនៅក្នុងការសាកល្បងវេជ្ជសាស្រ្តលើមនុស្ស ។
លោក Jacqueline Miller គឺជាប្រធានគ្រប់គ្រងជំងឺឆ្លងរបស់ក្រុមហ៊ុន Moderna និយាយនៅក្នុងបទសម្ភាសន៍ថា ពួកយើងគិតថា នេះគឺជាព័ត៌មានមួយដែលមនុស្សចង់ដឹង ស្របពេលដែលពួកគេត្រៀមខ្លួនចេញក្រៅ និងទទួលដូសជំរុញនៅរដូវស្លឹកឈើជ្រុះរបស់ពួកគេ ។
ចំណែកឯក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃពុធដែរថា វ៉ាក់សាំងបង្ការជំងឺ Covid-19ដែលធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ក្រោយបង្កើតការឆ្លើយតបនឹងអង់ទីគ័រខ្លាំង ប្រឆាំងនឹងវីរុសបំប្លែងថ្មី BA.2.86 នៅក្នុងការសិក្សាមួយលើសត្វកណ្តុរ ។
សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីនេះ បច្ចុប្បន្នត្រូវបានតាមដានដោយអង្គការសុខភាពពិភពលោក(WHO) និងមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) ៕

