ស្លូវ៉ាគី ៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Ludovit Odor និយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោក នឹងបញ្ជូនទាហាន ៥០០នាក់ ដើម្បីជួយក្រុមនគរបាលគ្រប់គ្រងលំហូរកើនឡើងរបស់ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនមកពីប្រទេសហុងគ្រី ។
ស្លូវ៉ាគី បានមើលឃើញការហក់ឡើងខ្ពស់ចំនួនជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីប្រទេសស៊ីរី ដោយពួកគេធ្វើដំណើរឆ្លងកាត់ចូលទៅក្នុងសហភាពអឺរ៉ុប តាមព្រំដែនហុងគ្រី-ស៊ែរប៊ី និងធ្វើដំណើរបន្តទៅកាន់ប្រទេសអ្នកមាន ជាពិសេសគឺប្រទេសអាល្លឺម៉ង់ ។
ការកើនឡើងចំនួនជនអន្តោប្រវេសន៍មុនពេលរដូវស្លឹកឈើជ្រុះ និងរដូវរងារនេះ បានគាប់ជួននឹងការបោះឆ្នោតតាមការគ្រោងទុកនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខ នៅក្នុងប្រទេសស្លូវ៉ាគី ហើយនិងធ្វើឲ្យមានការចាប់អារម្មណ៍ពីក្រុមអ្នកនយោបាយ ស្របពេលដែលទីក្រុងតូចៗនៅតាមតំបន់ព្រំដែនភាគខាងត្បូង មើលឃើញចំនួនជនភៀសខ្លួនកាន់តែច្រើន សម្រាកនៅតាមសួនកម្សាន្ត និងទីលានលេងកីឡារបស់ពួកគេ ។
ក្រុមមន្រ្តីនិយាយថា រដ្ឋាភិបាលស្លូវ៉ាគី និយាយថា ពួកនឹងបង្កើនការផ្គត់ផ្គង់ចំណីអាហារ និងអនាម័យនៅតាមទីតាំងដែលជនអន្តោប្រវេសន៍រង់ចាំចុះបញ្ជី ក្រោយមានការត្អូញត្អែនៅតាមកន្លែងជាច្រើនក្នុងទីក្រុង Velky Krtis ជាកន្លែងដែលជនអន្តោប្រវេសន៍ប្រហែល ៧៥០នាក់ បានស្នាក់នៅទីនោះកាលពីព្រឹកថ្ងៃពុធ ។
ក្រសួងមហាផ្ទៃស្លូវ៉ាគី និយាយកាលពីថ្ងៃអង្គារថា ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានឃាត់ខ្លួន បានកើនឡើង ៩ដង រហូតដល់ជាង ២៧.០០០នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕

