រុស្ស៊ី ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ហើយថា កិច្ចព្រមព្រៀងថ្មីៗស្តីពីការកាត់បន្ថយការផ្គត់ផ្គង់ បានធានាស្ថិរភាពលើទីផ្សារថាមពលពិភពលោក។
ក្រុមមេដឹកនាំពិភពលោកក្នុងផ្នែកផលិតកម្មប្រេង អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារអំពីការបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយស្ម័គ្រចិត្តដល់ដំណាច់ឆ្នាំនេះ បើទោះបីជាមានការកើនឡើងនៅក្នុងទីផ្សារប្រេង និងអ្នកវិភាគរំពឹងថា ការផ្គត់ផ្គង់ដ៏តឹងតែង គឺនៅក្នុងត្រីមាសទី៤ក្តី។
ប្រទេសរុស្សី នឹងធ្វើការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការនាំចេញប្រេងចំនួន ៣០០.០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត នឹងបន្តការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តចំនួនមួយលានបារ៉ែលក្នុងមួយថ្ងៃ។
វិមានក្រឹមឡាំង បាននិយាយថា មេដឹកនាំទាំងពីរពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេ ក្នុងក្របខ័ណ្ឌនៃក្រុមប្រទេសផលិតប្រេងឈានមុខគេ OPEC+។

