អូស្ត្រាលី ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ខណៈដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយក្នុងប្រទេសឥណ្ឌូនេស៊ីថា អូស្ត្រាលី និង ចិន បានធ្វើឲ្យមានការរីកចម្រើនក្នុងការវិលត្រឡប់ទៅ«ពាណិជ្ជកម្មពុំមានការរារាំង» ហើយការរីកចម្រើន គួរតែបន្តទៅមុខទៀត។
លោក Albanese បានថ្លែងនៅក្នុងអត្ថាធិប្បាយបើករបស់លោកនៅឯកិច្ចប្រជុំថា៖«វឌ្ឍនភាពដែលយើងបានធ្វើក្នុងការបន្តពាណិជ្ជកម្មដែលពុំមានការរារាំង គឺល្អសម្រាប់ប្រទេសទាំងពីរ ហើយយើងចង់ឃើញវឌ្ឍនភាពនោះ បន្តទៅទៀត។
លោក បានបញ្ជាក់ថា ទស្សនៈរបស់អូស្ត្រាលី នឹងមិនស្របតាមនឹងចិនគ្រប់ពេលនោះទេ ប៉ុន្តែយើងយល់ថា ការសន្ទនា គឺពិតជាមានសារៈសំខាន់ណាស់។
លោក Li បាននិយាយថា លោកស្វាគមន៍ លោកAlbanese មកទស្សនកិច្ចប្រទេសចិននៅឆ្នាំនេះ ហើយលោក Albanese បាននិយាយថា លោកនឹងទៅទស្សនកិច្ច។
លោក Albanese បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំថា៖«ខ្ញុំទន្ទឹងរង់ចាំទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៥០នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រី Gough Whitlam នៅឆ្នាំ១៩៧៣។

