ចិន ៖ ប្រទេសចិន គ្រោងនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទីពីររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលតិចជាងពីរខែ មុនពេលដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដែលអាចឈានដល់កិច្ចព្រមព្រៀងអាវុធ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េរបស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីជូនដំណឹងខ្លីមួយនៅថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះថា ក្រុមគណៈប្រតិភូចិន ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ លោកលីវ ហ្គួកចុង (Liu Guozhong) នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងសម្រាប់ការប្រារព្ធពិធីរំលឹកខួបលើកទី៧៥ នៃការបង្កើតប្រទេសនៅថ្ងៃសៅរ៍ខាងមុខនេះ។
គេមិនច្បាស់ទេថា ហេតុអ្វីបានជាលោកលីវ ដែលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ទោះបីជាលោកធ្វើការលើបញ្ហាសុខភាព និងកសិកម្មក៏ដោយ។
គណៈប្រតិភូនេះ ផ្តល់ឱកាសឱ្យប្រធានាធិបតីចិន លោកស៊ី ជីនពីង ទំនាក់ទំនងជាមួយលោក គីម មុនពេលមេដឹកនាំកូរ៉េខាងជើងរូបនេះ ធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំនៅទីក្រុង Vladivostok ជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន។
ក្រុមមន្ត្រីសេតវិមានរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេរំពឹងថាកិច្ចពិភាក្សារវាងលោក គីម និងលោក ពូទីន នឹងផ្តោតលើការផ្ទេរអាវុធពីកូរ៉េខាងជើង ដើម្បីជួយដល់ម៉ាស៊ីនសង្គ្រាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានក្រុងព្យុងយ៉ាងថា កូរ៉េខាងជើងនឹងត្រូវ «ទទួលរងនូវផលវិបាកចំពោះសកម្មភាពរបស់ខ្លួន» សម្រាប់ការផ្តល់អាវុធឲ្យរុស្ស៊ី៕

