អាមេរិក ៖ កាលពីថ្ងៃពុធ (៦ កញ្ញា) ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកបានសម្រេចឲ្យ លោកដូណាល់ ត្រាំ ទទួលខុសត្រូវចំពោះសេចក្តីថ្លែងការណ៍បង្ខូចកេរ្តិ៍ឈ្មោះ ដែលលោកបានធ្វើអំពីអ្នកនិពន្ធ លោកស្រី E. Jean Carroll ក្នុងឆ្នាំ២០១៩ នៅពេលដែលលោកស្រីបានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងការអះអាងថា លោកត្រាំ បានរំលោភលោកស្រីកាលពីច្រើនទសវត្សរ៍មុន។
លោកចៅក្រម Lewis Kaplan បាននិយាយថា ការកាត់ក្តីនាពេលខាងមុខសម្រាប់បណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Carroll ប្រឆាំងនឹងលោកត្រាំ នឹងដោះស្រាយតែជាមួយនឹងសំណួរថា តើអតីតប្រធានាធិបតីរូបនេះ គួរបង់ថ្លៃខូចខាតរូបិយវត្ថុដល់រូបលោកស្រីចំនួនប៉ុន្មាន។
ជាធម្មតា គណៈវិនិច្ឆ័យនឹងកំណត់នៅពេលកាត់ក្តីថា តើចុងចោទត្រូវទទួលខុសត្រូវចំពោះការខូចខាតរដ្ឋប្បវេណី ដែលទាមទារដោយដើមបណ្តឹងដែរឬទេ។ ប៉ុន្តែលោក Kaplan បានរកឃើញថាលោកស្រី Carroll មានសិទ្ធិទទួលបានការវិនិច្ឆ័យសង្ខេបមួយផ្នែក លើសំណួរនៃការទទួលខុសត្រូវរបស់លោកត្រាំ ក្នុងសំណុំរឿងនេះ។
លោក Kaplan បានលើកឡើងពីការពិតដែលថា ចៅក្រមនៅក្នុងការកាត់ក្តីនៅបណ្តឹងដាច់ដោយឡែកមួយ ប៉ុន្តែពាក់ព័ន្ធជាមួយករណីនោះនៅក្នុងខែឧសភាបានរកឃើញថា លោកត្រាំ បានរំលោភបំពានផ្លូវភេទលើលោកស្រី Carroll នៅក្នុងហាងទំនិញនៅទីក្រុងញូវយ៉ក កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានបង្ខូចកេរ្តិ៍ឈ្មោះនាងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលលោកបានធ្វើនៅពេលលោកបានបដិសេធការចោទប្រកាន់របស់លោកស្រី Carroll នោះ៕

