ថៃ ៖ ពេលវេលាប្រហែលជាមិនយូរប៉ុន្មាននោះទេ មុនពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ទោស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រឡប់មកមានឥទ្ធិពលវិញ ក្នុងនយោបាយថៃ បន្ទាប់ពីទោសជាប់ពន្ធនាគាររបស់លោក មានការផ្លាស់ប្ដូរយ៉ាងរហ័ស និងគួរឲ្យកត់សម្គាល់ ពោលគឺត្រូវបានព្រះមហាក្សត្រ ទ្រង់ប្រោសប្រទានបន្ថូរបន្ថយរយៈពេលនៃការជាប់ទោស។
អ្នកសង្កេតការណ៍ លើកឡើងថា នេះមានន័យថា លោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាព ក្នុងពេលឆាប់ៗនេះ ដោយពិចារណាលើវ័យកាន់តែចាស់របស់លោក ការជាប់ពន្ធនាគាររយៈពេលខ្លី និងល្បឿននៃសាលក្រមដំបូងរបស់លោក ដែលត្រូវបានកាត់បន្ថយពី ៨ឆ្នាំ មកត្រឹម ១ឆ្នាំ កាលពីសប្តាហ៍មុន។
ប៉ុន្តែអនាគតនយោបាយរបស់មហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ដែលពេលនេះកំពុងសម្រាកក្នុងបន្ទប់មន្ទីរពេទ្យ នៅទីក្រុងបាងកក ទំនងជាភាគច្រើនលែងសូវលេចមុខមាត់ ដើម្បីដឹកនាំគណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច តាមរយៈទិដ្ឋភាពនយោបាយថ្មីមួយ។
អ្នកសង្កេតការណ៍ បានបន្តថា នេះមិនត្រឹមតែដោយសារស្ថានភាពរបស់លោកជាអតីតទណ្ឌិត ដែលនឹងធ្វើឲ្យលោកខ្វះលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីបានកាន់តំណែងនយោបាយ ក្រោមច្បាប់របស់ប្រទេសថៃបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមដែលលោកនឹងត្រូវជួបប្រទះ ក្នុងការគ្រប់គ្រងការគាំទ្រជាសាធារណៈផងដែរ ដោយសារគិតទៅលើបរិយកាស ដែលថៃ បានផ្លាស់ប្តូរយ៉ាងជាក់ស្ដែង បើប្រៀបធៀបនឹងទិដ្ឋភាព ដែលលោកបានភៀសខ្លួន ពី ១៥ឆ្នាំមុន។
លោកបណ្ឌិត Yuttaporn Issarachai អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Sukhothai Thammathirat Open បាននិយាយថា លោក ថាក់ស៊ីន ទំនងជាដើរតួនាទីពីក្រោយឆាក ដែលជួយគណបក្សភឿថៃរបស់លោក ពង្រឹងអនាគតនយោបាយរបស់ខ្លួន។ លោកប្រាប់សារព័ត៌មាន CNA ថា៖ «ប្រាកដណាស់ អ្នកនយោបាយចាស់វស្សារូបនេះ នឹងមិនចូលប្រឡូកនយោបាយទៀតទេ។ ពេលវេលារបស់គាត់ កន្លងផុតទៅហើយ។ តែពិតណាស់ គាត់នឹងមានតួនាទីក្រៅផ្លូវការបន្ថែមទៀត ក្នុងនាមជាអ្នកនៅពីក្រោយឆាក បង្កើតយុទ្ធសាស្ត្រ»៕

