ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការស្វាគមន៍ជូនចំពោះភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម។
ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារ រវាងឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។
ឯកឧត្តម បានបន្តថា ពូជស្រូវចំប៉ីស ៧០ គឺជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការដ៏ប្រសើរ រវាងកម្ពុជា និងអូស្ត្រាលីនៅក្នុងវិស័យកសិកម្ម។ ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករ ដែលផលិតពូជស្រូវនេះនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនភ្ញៀវបន្ថែមថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្មជាអាទិ៍ ការដាក់ ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម។ ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា៕



