ចិន ៖ គណៈប្រតិភូរបស់រដ្ឋាភិបាលអូស្រ្តាលី ក្រុមមន្រ្តីឧស្សាហកម្ម បណ្ឌិតសភា និងក្រុមសារព័ត៌មានរបស់ពួកគេ បានជួបពិភាក្សាការងារជាមួយសមភាគីចិន នៅក្នុងទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងភាគីទាំង ២ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។
ជំនួបដែលមិនរួមបញ្ចូលក្រុមរដ្ឋមន្រ្តីរដ្ឋាភិបាលទាំង ២ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ក្នុងនាមជាវេទិកាពិភាក្សាលើបញ្ហាពាក់ព័ន្ធជាច្រើន ប៉ុន្តែត្រូវបានគេបញ្ឈប់ទៅវិញ ក្រោយឆ្នាំ ២០២០ បន្ទាប់ពីចិនដាក់ចេញវិធានការទប់ស្កាត់លើការនាំចេញជាច្រើនរបស់អូស្រ្តាលី ដើម្បីឆ្លើយតបនឹងការចោទសួររបស់ទីក្រុងកាន់បេរ៉ា លើប្រភពដើមនៃជំងឺ COVID-19 ។
អតីតរដ្ឋមន្រ្តីការបរទេសចិនលោក Li Zhaoxing និងអតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក Craig Emersonបានដឹកនាំគណៈប្រតិភូរៀងៗខ្លួនរបស់ពួកគេ នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង ។ នៅថ្ងៃព្រហស្បតិ៍នេះដែរ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅទីក្រុងហ្សាកាតា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
លោក Albanese ត្រូវបានគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងឆ្នាំនេះ បើទោះបីជាកាលបរិច្ឆេតពិតប្រាកដ ពុំត្រូវបានកំណត់ក៏ដោយ ៕

