
ក្រុមអ្នកស្រុកបានរត់រកកន្លែងលាក់ខ្លួន ពេលសំឡេងផ្ទុះអាវុធបានបន្លឺឡើង នៅច្រកឆ្លងកាត់ព្រំដែនសំខាន់រវាងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដោយភាគីប៉ាគីស្ថាន និយាយថា កងកម្លាំងសន្តិសុខមកពីប្រទេសទាំង ២ បានផ្ទុះអាវុធដាក់គ្នា ។
ក្រុមមន្រ្តីសន្តិសុខមកពីច្រកព្រំដែន Torkham ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ក្រុមតាលីបង់ និងកងកម្លាំងសន្តិសុខប៉ាគីស្ថាន បានផ្ទុះអាវុធដាក់គ្នា ប៉ុន្តែនៅមិនទាន់មានគ្រោះថ្នាក់នោះទេ ។
ក្រុមអាជ្ញាធរ និយាយថា ច្រកព្រំដែន Torkhamស្ថិតនៅជិតច្រក Khyber Pass ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ក្រុមអ្នកដំណើរ និងការដឹកទំនិញ រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រូវបានបិទ ក្រោយឧបទ្ទេវហេតុកើតឡើង ។
អ្នកនាំពាក្យរដ្ឋាភិបាលក្នុងស្រុកនៅខេត្តភាគខាងកើត Nangaharរបស់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលច្រកព្រំដែនស្ថិតនៅ និងអ្នកនាំពាក្យការិយាល័យការបទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំ សេចក្តីអធិប្បាយជុំវិញឧបទ្ទេវហេតុដែលបានកើតឡើង ។
សូមបញ្ជាក់ថា ច្រកព្រំដែនមួយនេះ ត្រូវបានបិទជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមទាំងការបិទកាលពីខែកុម្ភៈ ដែលមើលឃើញរថយន្តរាប់ពាន់គ្រឿងផ្ទុកទំនិញ បានជាប់នៅផ្នែកម្ខាងនៃព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ៕