ទាំងរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃពុធ បានរាយការណ៍ពីភាពរីកចម្រើនរបស់ពួកគេ ក្នុងសកម្មភាពយោធាប្រឆាំងគ្នាទៅវិញទៅមក ដោយរុស្ស៊ីបើកការវាយប្រហារលើមូលដ្ឋានបណ្តុះបណ្តាលរបស់អ៊ុយក្រែន ហើយអ៊ុយក្រែន បានរាយការណ៍ពីភាពរីកចម្រើននៅផ្នែកជាច្រើននៅសមរភូមិ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទដែលបានចេញផ្សាយកាលពីថ្ងៃពុធថា កងកម្លាំងដែនអាកាសរុស្ស៊ី បានអនុវត្តការវាយប្រហារដោយអាវុធស៊ីបគោលដៅរយៈចម្ងាយឆ្ងាយទៅលើមូលដ្ឋានបណ្តុះបណ្តាលរបស់កងកម្លាំងអ៊ុយក្រែន។
កងទ័ពរុស្ស៊ី បានវាយរុញច្រានការវាយប្រហារបស់អ៊ុយក្រែននៅក្នុងទីក្រុង Donetsk, Zaporizhzhia, Kupyansk, និងទីក្រុង Kherson ហើយបានបំផ្លាញរថក្រោះ យានរថពាសដែក កាំភ្លើងធំM777 ផលិតនៅសហរដ្ឋអាមេរិកជាច្រើនគ្រឿង និងយុទ្ធោបករណ៍របស់កងកម្លាំងអ៊ុយក្រែនច្រើនសន្ធឹកសន្ធាប់។
កងកម្លាំងអ៊ុយក្រែន បានវាយប្រយុទ្ធជាច្រើនលើកច្រើនសារជាមួយកងទ័ពរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន និងកងទ័ពកាំភ្លើងធំ បានវាយប្រហារលើកងកម្លាំងនិងយុទ្ធោបករណ៍របស់រុស្ស៊ី ដែលផ្តោតលើតំបន់នានា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងទីក្រុង គីវ ថានឹងផ្តល់ជំនួយជាង១ពាន់លានដុល្លារក្នុងក្នុងការផ្តល់មូលនិធិរបស់អាមេរិកថ្មីសម្រាប់ប្រទេសអ៊ុយក្រែន រួមទាំង៦៦៥លានដុល្លារ នៃជំនួយយោធា។