
ក្មេងប្រុស Hiba Bushiyeh ដូចគ្នានិងសិស្សសាលាជាច្រើននាក់ទៀតនាក់ដែរ ដែលរស់នៅក្នុងភូមិសហគមន៍ Bedouin ជិតទីក្រុង Hebron នឹងលែងមានសាលាចូលរៀន បើសិនជាអ៊ីស្រាអែលបន្តផែនការកម្ទេចសាលារៀន Fakheitចោល ស្ថិតក្នុងសហគមន៍ Masafer Yatta ក្នុងគោលបំណងយោធានោះ ។
សាលារៀនមួយខ្នងនេះ មានសិស្សរៀនប្រហែល ១០០នាក់ មកពីសហគមន៍ Masafer Yatta ដែលតាមធម្មតាពួកគេត្រូវដើរចម្ងាយចន្លោះពី ១គ.មដល់ ៥គ.ម ទើបដល់សាលារៀន ហើយបើសិនជាសាលារៀនមួយខ្នងនេះ ត្រូវបានកម្ទេចពិតមែន ពួកគេត្រូវដើរទៅរៀនរាប់សិបគ.ម ឆ្ងាយពីទីនេះ ។
ការធ្វើកសិកម្ម និងការចិញ្ចឹមសត្វ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ការរស់នៅរបស់ជនប៉ាឡេស្ទីនៅក្នុងសហគមន៍ Masafer Yatta ដោយពួកគេមួយចំនួនរស់នៅតាមជើងភ្នំពោពេញដោយដុំថ្មរបស់ទីក្រុង Hebron ដោយប្រើប្រាស់សត្វលា ជាមធ្យោបាយដឹកជញ្ជូនរបស់ពួកគេ ។
លោក Haitham Abu Sabha គឺជានាយកសាលារៀន Fakheit និយាយថា តុលាការស្រុកអ៊ីស្រាអែល បានច្រានចោលបណ្តឹងរបស់មេធាវីសាលារៀនរបស់លោក ហើយនិងបានបញ្ជាឲ្យកម្ទេចសាលារៀនមួយខ្នងនេះចោល ។
នៅពុំទាន់មានការឆ្លើយតបភ្លាមៗនោះទេពីក្រុមអាជ្ញាធរអ៊ីស្រាអែល ចំពោះសំណើរសុំការធ្វើសេចក្តីអធិប្បាយលើស្ថានភាពមួយនេះ ៕