ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជាក្រៅពីទទទួលសមិទ្ធផលដ៏ច្រើនលើសលុបតាមរយៈជំនួបកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចធិបក៏ទទួលបាននូវសារអបអរសាទរជាច្រើនដោយផ្ទាល់ពីបណ្ដាថ្នាក់ដឹកនាំកំពូលដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
ជាក់ស្ដែងតាមរយៈជំនួបសម្ដែងការគួរសមរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។
ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោនៅជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រៅពីនេះ ក៏មានថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសជាច្រើនទៀតបានផ្ញើសារអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាផងដែរ។ ក្នុងនោះមានដូចជា ឯកឧត្តម រ៉ានីល វីកក្រេមេស៊ីងហេ (Ranil Wickremesinghe ) ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា។ ឯកឧត្តម ម៉ាន់សួរ ប៊ីន មូហ្សាលឡាម (Manssour Bin Mussallam) អគ្គលេខាធិការ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (Organization of Southern Cooperation)។ លោកស្រី អាហ្វស្ហាន ខាន (Afshan Khan) ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល នៃអង្គការ Scaling Up Nutrition (SUN ) Movement។ ឯកឧត្តម គីរៀកូស មិតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋក្រិក។ ឯកឧត្តម ឆាល មីឈែល (Charles MICHEL) ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។ ឯកឧត្តម មហាម៉ាត់ ស្តាយយ៉េហ៍ (Mohammad Shtayyeh) នាយករដ្ឋមន្ត្រីនៃរដ្ឋប៉ាឡេស្ទីន។ ឯកឧត្តម ផុស្សផា កាម៉ាល ដាហាល «ប្រាចិន្តា» (Pushpa Kamal Dahal "Prachanda) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ជាដើម។
សូមជម្រាបថា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា ក្រៅពីទទួលបានភាពជោគជ័យខាងនយោបាយការទូត និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចធិបតីក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា








