កណ្ដាល ៖ បន្ទាប់ពីក្រុមគ្រូពេទ្យ បានចុះយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ទៅលើអ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល រួចហើយនៅថ្ងៃម្សិលមិញនេះ គិតមកដល់ព្រឹកថ្ងៃទី២៧ ខែឧសភានេះ ខាងមន្ទីរពិសោធន៍ជាតិ មិនទាន់បង្ហាញលទ្ធផលជាក់ស្តែងថ្មីយ៉ាងណានោះទេ តែទោះយ៉ាងណាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃនេះ បញ្ជាឱ្យអ្នកគ្រប់គ្រងពន្ធនាគារខេត្ត ផ្អាកសាច់ញាតិអ្នកជាប់ឃុំពីខាងក្រៅចូលសាកសួរសុខទុក្ខមួយរយៈសិន។
ឯកឧត្តម អភិបាលខេត្ត គង់ សោភ័ណ្ឌ ថ្លែងថា មកដល់ថ្ងៃនេះ យើងមិនទាន់រកឃើញករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ លើអ្នកជាប់ឃុំ និងអ្នកពាក់ព័ន្ធនៅក្នុងពន្ធនាគារខេត្តកណ្តាលនោះទេ ហើយបន្ទាប់ពីពិនិត្យស្ថានភាពសុខភាពលើអ្នកជាប់ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនមានអាការៈ មិនសូវស្រួល ហើយសង្ស័យថា មានឆ្លងកូវីដ-១៩ តាមរយៈការយកសំណាកតេស្តដំបូងដោយប្រើ Rapid Test មក នៅពេលនេះ ឯកឧត្តមបញ្ជាអោយអ្នកគ្រប់គ្រងពន្ធនាគារ ផ្អាកការអនុញ្ញាតឱ្យបងប្អូនសាច់ញាតិពីខាងក្រៅចូលសាកសួរសុខទុក្ខ និងផ្ញើរបស់របរនានា ជូនអ្នកជាប់ឃុំក្នុងពន្ធនាគារនេះតែម្តង ខណៈយើងកំពុងចាត់ទុកទីតាំងពន្ធនាគារនេះជាតំបន់ក្រហម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម បន្តថា នៅពេលនេះដែរ យើងក៏កំពុងផ្តល់ការគិតគូរខ្លាំងលើបញ្ហាផ្តល់អាហារហូបចុកប្រចាំថ្ងៃអោយគ្រប់គ្រាន់ និងមានការបែងចែកអគារស្នាក់នៅត្រឹមត្រូវ ដោយតម្រូវអោយអ្នកជាប់ឃុំនៅដាច់ៗពីគ្នា និងផ្តល់ការគ្រប់គ្រងតាមដានសុខភាពផ្ដល់ថ្នាំសង្កូវទៀងទាត់ពីក្រុមគ្រូពេទ្យប្រចាំនៅក្នុងពន្ធនាគារយកចិត្តទុកដាក់បំផុត ។
ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់ដែរថា នៅក្នុងពន្ធនាគារខេត្តកណ្តាលនេះ មានអគារធំៗជាច្រើន សម្រាប់ដាក់អោយអ្នកជាប់ឃុំស្នាក់នៅ ហើយក្នុងនោះ មានតែអ្នកជាប់ឃុំនៅលើអគារមួយដែលជាប់ការសង្ស័យ ហើយក៏បានទៅសំណាកម្នាក់ម្តងៗ ដើម្បីពិនិត្យអោយបានច្បាស់ថា តើអ្នកនោះ មានកូវីដ-១៩ ឬ មិនមានកូវីដ-១៩ ខណៈតាមប្រភពព័ត៌មានមួយចំនួនចុះផ្សាយ និងអះអាងថា តាមរយៈពេលលទ្ធផលតេស្តរហ័សគឺបានសង្ស័យថា មានអ្នកជាប់ឃុំ និងមន្ត្រីពាក់ព័ន្ធប្រមាណ១០០នាក់ មានករណីវិជ្ជមានកូវីដ-១៩ ហើយពេលគេកំពុងរង់ចាំលទ្ធផលតេស្តជាក់ស្តែងពីមន្ទីរពិសោធន៍ជាតិរបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ ស៊ុម សុខជា