
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានស្នើថាមូលនិធិថ្មីរបស់អង្គការសហប្រជាជាតិ គួរតែមានយ៉ាងហោចណាស់១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ដើម្បីដោះស្រាយការខូចខាតដែលមិនអាចត្រឡប់វិញបានដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈដែលរដ្ឋទាំងអស់ រៀបចំ ដើម្បីពិភាក្សាថាតើអ្នកណានឹងទទួលបានអត្ថប្រយោជន៍ និងអ្នកណានឹងចំណាយក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ។
ប្រទេសនានា នឹងព្យាយាមផ្តល់ព័ត៌មានលម្អិតអំពីមូលនិធិសម្រាប់«ការបាត់បង់ និងការខូចខាត»ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី១២ខែធ្នូនៅទីក្រុងឌូបៃ។ ប្រសិនបើដាក់ឲ្យដំណើរការ វានឹងក្លាយជាមូលនិធិដំបូងរបស់អង្គការសហប្រជាជាតិដែលត្រូវបានផ្តល់ដល់ការដោះស្រាយការខូចខាតដែលមិនអាចជួសជុលបានពីគ្រោះរាំងស្ងួត ទឹកជំនន់ និងការកើនឡើងកម្រិតទឹកសមុទ្រកើនឡើង ដែលបណ្តាលមកពីអាកាសធាតុ។
ខណៈពេលដែលប្រទេសនានា បានយល់ព្រមលើមូលនិធិកាលពីឆ្នាំមុន ពួកគេ បានពន្យារពេលការសម្រេចចិត្តដ៏ចម្រូងចម្រាសបំផុត រួមទាំងប្រទេសណា ដែលនឹងត្រូវចំណាយលើមូលនិធិនោះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក និងរដ្ឋកោះតូចៗ បានស្នើថា មូលនិធិសម្រាប់ដោះស្រាយការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ គួរតែមានយ៉ាងណាស់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។