
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ ថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនទៅឲ្យអ៊ុយក្រែននូវមូលនិធិ ដែលរឹបអូសបានពីពាណិជ្ជកររុស្ស៊ី ដែលត្រូវកំណត់គោលដៅ ក្នុងការដាក់ទណ្ឌកម្ម គឺខុសច្បាប់ ហើយសកម្មភាពបែបនេះ នឹងត្រូវបានជំទាស់តវ៉ាជាមិនខាន។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្ទេរទៅឲ្យប្រទេសអ៊ុយក្រែននូវទឹកប្រាក់ចំនួន ៥,៤លានដុល្លារ ក្នុងទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមមហាសេដ្ឋីដ៏មានឥទ្ធិពលរបស់រុស្ស៊ីដែលរងការដាក់ទណ្ឌកម្ម ដោយទឹកប្រាក់ទាំងនោះ ឥឡូវនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីគាំទ្រអតីតយុទ្ធជនយោធាអ៊ុយក្រែន។
ពាក់ព័ន្ធនឹងករណីនេះ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះជាទង្វើ ដែលលំបាកយល់ណាស់។ ការធ្វើបែបនេះ គឺផ្ទុយនឹងច្បាប់អន្តរជាតិគ្រប់យ៉ាង និងច្បាប់ជាតិរបស់ប្រទេសទាំងនោះ។ ប៉ុន្តែមិនយូរទេ នៅពេលឱកាសផ្ដល់ឲ្យ យើងនឹងការពារសិទ្ធិរបស់យើង»។
លោក Peskov បានបន្ថែមថា សហគ្រិនរុស្ស៊ីមួយចំនួន ទទួលបានការសម្រេចពីតុលាការរួចហើយ នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប ដែលរកឃើញថា ការផ្ទេរបែបនេះ គឺខុសច្បាប់៕