
ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចំនួនជាង ៩០ បានបញ្ជាក់ពីការចូលរួម សម្រាប់សន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ដែលត្រូវប្រារព្ធឡើងនៅក្នុងខែតុលា។
វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) នឹងប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង នៅឆ្នាំ២០២៣ នេះ ដែលជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំបរទេសជាច្រើន ត្រូវបានគេរំពឹងថា នឹងចូលរួម ក្នុងនោះរួមទាំងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ផងដែរ។
បើយោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា ក្រសួងការបរទេសចិន បាននិយាយដោយឡែកពីគ្នាថា ប្រទេសនេះ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០៕