
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឲ្យរបបយោធារបស់សហភាពមីយ៉ាន់ម៉ាដោះលែងបណ្ដាអ្នកទោសនយោបាយ អំឡុងសុន្ទរកថាបើករបស់លោក នៅឯកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ។
លោក Guterres បានលើកឡើងថា លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះស្ថានភាពនយោបាយ មនុស្សធម៌ និងសិទ្ធិមនុស្ស ដែលកាន់តែអាក្រក់ទៅៗ នៅក្នុងសហភាពមីយ៉ាន់ម៉ា ជាប្រទេស ដែលត្រូវលិចលង់ទៅក្នុងភ្លើងសង្រ្គាម គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន លោក Guterres ក៏បានលើកឡើងពីកង្វល់ថា ពិភពលោកប្រឈមនឹងហានិភ័យនៃ «ការបែកបាក់យ៉ាងធ្ងន់ធ្ងរ» នូវប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួន។
ក្នុងសុន្ទរកថាក្ដោបលើបញ្ហាជាច្រើន ដែលសំដៅទៅដល់ភាពតានតឹងភូមិសាស្ត្រនយោបាយ ហិរញ្ញវត្ថុអភិវឌ្ឍពហុភាគី និងបម្រែបម្រួលអាកាសធាតុ លោក Guterres បានអំពាវនាវដល់បណ្ដាមេដឹកនាំពិភពលោកទាំងអស់ឲ្យស្វែងរកដំណោះស្រាយរួមដោយសន្តិវិធី ចំពោះបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ៕