
កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសឥណ្ឌូនេស៊ី បានបិទបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ ដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសង្កត់ធ្ងន់លើតម្រូវការនៃការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់។
លោក Widodo និងបណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ បានចូលរួមក្នុងពិធីបិទ ដែលឃើញថា មានការផ្ទេរតំណែងប្រធានដល់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (សុនសាយ ស៊ីផាន់ដន)។
អំឡុងកិច្ចប្រជុំកំពូលនេះ ចរន្តនៃភាពតានតឹង បានកើតឡើងអមមកជាមួយការពិភាក្សាលើបញ្ហានានា រាប់តាំងពីពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់ការអះអាងសិទ្ធិកាន់តែធំទូលាយខ្លាំងឡើយរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ការបដិសេធរបស់របបសឹកមីយ៉ាន់ម៉ាមិនចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើផែនការសន្តិភាព និងមន្ទិលសង្ស័យពីគម្រោងការរបស់កូរ៉េខាងជើង ក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ (ទី៥ ខែកញ្ញា) មន្ត្រីមួយរូប បានអះអាងថា សហភាពមីយ៉ាន់ម៉ា បានសម្រេចបោះបង់តំណែងប្រធានប្ដូរវេនរបស់ប្លុកតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៦ ដោយប្រទេសហ្វីលីពីនទទួលធ្វើតួនាទីនេះជំនួសវិញ៕