
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) នេះ បានប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីការពារជាតិថ្មី លោក Rustem Umerov ជាមួយនឹងការកាត់បន្ថយនូវការិយាធិបតេយ្យហួសហេតុ និងបង្កើនជំនឿចិត្តលើក្រសួងរបស់លោកឲ្យបានវិញ បន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយជាបន្តបន្ទាប់។
សូមបញ្ជាក់ថា លោក Zelenskyy បានសម្រេចដកតួនាទីអ្នកកាន់តំណែងមុនលោក Umerov បន្ទាប់ពីមានការចោទប្រកាន់ពីបទពុករលួយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដែលនាំឲ្យប៉ះពាល់ដល់ក្រសួង ដោយការចោទប្រកាន់គួរឲ្យកត់សម្គាល់បំផុតនោះ គឺលទ្ធកម្ម។ ក្រុមអ្នកវិភាគយោធា បាននិយាយថា ការរង្គោះរង្គើ នឹងមិនមានឥទ្ធិពលខ្លាំងក្លានោះទេដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។
ក្នុងពិធីបង្ហាញមុខលោក Umerov ដល់មន្ត្រីជាន់ខ្ពស់យោធា និងការពារជាតិ ដែលកើតមានឡើងមួយថ្ងៃបន្ទាប់ពីសភា បានអនុម័តការតែងតាំងរបស់លោក លោក Zelenskyy បានកំណត់អាទិភាពសម្រាប់អ្នកស្នងតំណែងថ្មី ដែលក្នុងនោះរួមទាំងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជួយនាំអ៊ុយក្រែនឆ្ពោះទៅរកការទទួលបានសមាជិកភាពរបស់អង្គការណាតូ។
លោក Zelenskyy បាននិយាយថា៖ «អ្វីដែលសំខាន់បំផុតនោះ យើងត្រូវការទំនុកចិត្តបន្ថែមទៀត។ ទំនុកចិត្តលើការសម្រេច ដែលកំពុងត្រូវបានធ្វើឡើង ទំនុកចិត្តលើលទ្ធកម្ម ដែលត្រូវបានអនុវត្ត និងទំនុកចិត្តលើការផ្គត់ផ្គង់»។
លោក Umerov វ័យ ៤១ឆ្នាំ បានជំនួសតំនែងលោក Oleksii Reznikov ដែលបានជួយឲ្យទទួលបាននូវជំនួយយោធាពីលោកខាងលិចរាប់ពាន់លានដុល្លារ គិតចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី កាលពីឆ្នាំមុន។ លោក Reznikov មិនបានប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ ចំពោះខ្លួនលោកផ្ទាល់នោះទេ ប៉ុន្តែរូបលោកជាជនរងគ្រោះនៃយុទ្ធនាការលាបពណ៌នេះ៕