UN៖ អង្គការយូនីសេហ្វ (UNICEF) បានរាយការណ៍កាលពីថ្ងៃពុធ (៦ កញ្ញា) អំពីកំណត់ត្រាច្រើនបំផុតនៃចំនួនកុមារអន្តោប្រវេសន៍ឆ្លងកាត់ព្រៃដារៀន (Darien) ដ៏គ្រោះថ្នាក់របស់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា កុមារជាង៦០.០០០នាក់បានប្រថុយជីវិត ដើម្បីឆ្លងកាត់ព្រៃច្រករបៀបដារៀនហ្គាប (Darien Gap) ដ៏គ្រោះថ្នាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣នេះ ហើយតួលេខនេះធ្វើឱ្យឆ្នាំនេះ ក្លាយជាឆ្នាំដែលមានកំណត់ត្រាកុមារឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់មួយនេះច្រើនបំផុត។
យ៉ាងហោចណាស់មានកុមារ និងក្មេងជំទង់ចំនួន២៩.០០០នាក់ បានឆ្លងកាត់ព្រៃដារៀន ក្នុងឆ្នាំ២០២១ និងកុមារចំនួន៤០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ក្នុងឆ្នាំ២០២២។
ក្រុមអាជ្ញាធរអន្តោប្រវេសន៍របស់ប៉ាណាម៉ាបាននិយាយថា មានមនុស្សប្រហែល២៤៨.៩០១នាក់ បានឆ្លងកាត់ព្រៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ហើយកុមារ និងក្មេងជំទង់មានចំនួន២១ភាគរយនៃតួលេខនោះ។
ការធ្វើដំណើរចម្ងាយ៦០គីឡូម៉ែត្រ ឆ្លងកាត់ព្រៃដារៀន បានទាក់ទាញជនអន្តោប្រវេសន៍ទៅកាន់ប៉ាណាម៉ា ហើយជាផ្លូវដ៏សំខាន់សម្រាប់អ្នកដែលសង្ឃឹមថា នឹងទៅដល់សហរដ្ឋអាមេរិក និងកាណាដាផងដែរ៕


