អាមេរិក៖ អាជ្ញាធរសហរដ្ឋអាមេរិក បានរឹបអូសប្រេងអ៊ីរ៉ង់ជិត មួយលានបារ៉ែល ដែលក្រុមមន្ត្រីនិយាយថា ត្រូវបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំនេះ នេះបើយោងតាមកំណត់ត្រារបស់តុលាការដែលបានចេញផ្សាយថ្មីៗនេះ។
ការរឹបអូសរបស់សហរដ្ឋអាមេរិកនូវនាវាដឹកប្រេង M/TSuez Rajan បានកើតឡើងនៅដើមឆ្នាំនេះ ដែលនាំទៅដល់កិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់កងការពារបដិវត្តន៍អ៊ីរ៉ង់ ក្នុងការរឹបអូសយកនាវាដឹកប្រេងចំនួនពីរគ្រឿងនៅច្រកសមុទ្រHormuz។ ឯកសាររបស់តុលាការបង្ហាញពីការចោទប្រកាន់របស់រដ្ឋអាជ្ញាអាមេរិកថា អ៊ីរ៉ង់ក្លែងបន្លំកំណត់ត្រាទំនិញនៅក្នុងនាវានោះ និងរារាំងទីតាំងរបស់ខ្លួនពីការតាមដានយ៉ាងត្រឹម ត្រូវ។
ចាប់តាំងពីការរឹបអូសដំបូងនៅនិទាឃរដូវឆ្នាំនេះ នាវាដឹកប្រេង Rajan ត្រូវបានចតនៅឆ្នេរសមុទ្រនៃរដ្ឋតិចសាស។ ប្រទេសអ៊ីរ៉ង់ បានគំរាមឲ្យក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវ ប្រសិនបើទំនិញនោះ ត្រូវបានដឹកចេញ ហើយពុំមានក្រុមហ៊ុនអាមេរិកណាមួយ យល់ព្រមដាក់ធុងប្រេងទាំងនោះចេញនាវាទេ ព្រោះខ្លាចមានការសងសឹកពីក្រុងតេអេរ៉ង់។
នៅទីបំផុត ក្រុមហ៊ុនក្រិក ដែលគ្រប់គ្រងនាវា Rajan គឺក្រុមហ៊ុន Empire Navigation បានបញ្ជូននាវាមួយផ្សេងទៀត ដើម្បីបញ្ចប់ដំណើរការដឹកជញ្ជូនប្រេងនេះ៕


