
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើអាកាសដំបូងគេនៅកម្ពុជា បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ខណៈមកដល់ពេលនេះនៅចំណុចគម្រោងរង្វង់មូលគឺជំនាញកំពុងហ៊ុមព័ទ្ធការដ្ឋានផងដែរ ដែលធ្វើឱ្យការចរាចរណ៍មានកការកកស្ទះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់កំពុងតែធ្វើការដំឡើងសសរស្ពាន និងមានការហ៊ុមព័ទ្ធការដ្ឋានច្រើនតំបន់ ចំពោះផ្លូវធ្វើចរាចរណ៍ជំនាញបានកែសម្រួលជាបន្តបន្ទាប់ និងកន្លែងពិបាកគឺបានឈូសឆាយគៀរសម្រួលបណ្ដោះអាសន្ន ។
លោក សាំ ពិសិដ្ឋ បន្ថែមថា យប់មិញនេះជំនាញបានគៀរសម្រួលផ្លូវ ហើយព្រឹកនេះបានបើកផ្លូវបណ្តោះអាសន្នចូលក្នុងការដ្ឋាន ដើម្បីកាត់បន្ថយការកស្ទះចុះពីស្ពានព្រះមុនីវង្ស។ ប្រធានមន្ទីរសាធារណការសូមឱ្យអ្នកដំណើរមានការយោគយល់ ដោយជំនាញនឹងប្រើពេល ៥ថ្ងៃ៥យប់ទៀត នៅទីតាំងបិទបណ្តោះអាសន្ននេះ ហើយនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ។
ការដ្ឋានចំពោះមុខ គឺកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស និងមកក្បែរតំបន់ស្ពានអាកាសក្បាលថ្នល់ហើយ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។
ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។
ស្ពានអាកាសទាំងនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា