កីឡាករប្រណាំងកង់កូឡុំប៊ី Juan Sebastian Molano បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour ប្រចាំឆ្នាំ Vuelta a Espana នៅលើទឹកដីអេស្ប៉ាញ តែអ្នកនាំមុខរួមមិនទាន់ផ្លាស់ប្តូរមុខឡើយ ពោលគឺនៅតែជាកីឡាករអាមេរិក Sepp Kuss ដដែល។

ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Zaragoza កីឡាកររបស់ក្រុម UAE Team Emirate, Juan Sebastian Molano បានចំណាយពេល ៣ ម៉ោង ២៣ នាទី ៥៥ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ នៅចំពោះមុខកីឡាករអូស្រ្តាលី Kaden Groves របស់ក្រុម Alpecin-Deceuninck និងលេខ ៣ កីឡាករហូឡង់ Boy van Poppel របស់ក្រុម Intermarche-Circus-Wanty ស្ថិតក្នុងថេរវេលាដូចគ្នា។

យ៉ាងណាក្តី មិនមានបម្រែប្រមួលថេរវេលាច្រើនឡើយនៅក្នុងតារាងរួម ពោលគឺកីឡាករអាមេរិក Sepp Kuss ជិះឱ្យក្រុម Jumbo-Visma បន្តនាំមុខអ្នកលេខ ២ Marc Soler របស់អេស្ប៉ាញ ២៦ វិនាទីដដែល ខណៈអ្នកការពារតំណែងជើងឯក កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បន្តឈរលេខ ៣ ហើយលេខ ៤ គឺជើងឯក ៣ សម័យ Primoz Roglic រំកិលបាន ៤ វិនាទី។
សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះ Vuelta a Espana នឹងរំកិលចូលព្រំដែនទឹកដីបារាំងលើចំងាយផ្លូវ ១៣៥ គីឡូម៉ែត្រ រួមហើយដំណាក់កាលទី ១៤ ស្អែកមានចំងាយផ្លូវ ១៥៧ គីឡូម៉ែត្រចេញពីទឹកដីបារាំងចូលមកប្រទេសអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ
