ភ្នំពេញ៖ កម្ពុជា-ជប៉ុន គ្រោងសហការបង្កើតជំហានថ្មីនៃគម្រោងគាំទ្រលើការអភិវឌ្ឍសហគ្រិនស្រ្តី សម្រាប់ស្រ្តីធ្វើអាជីវកម្មកម្រិតមីក្រូ តូច និងមធ្យម តាមរយៈគម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី ឲ្យក្លាយទៅជាមណ្ឌលតែមួយ សម្រាប់គាំទ្រស្រ្តីដែលចង់ផ្តើមអាជីវកម្ម និងកំពុងដំណើរការអាជីវកម្ម។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចាប់ផ្តើមគម្រោងគាំទ្រដល់ស្រ្តីនៅកម្ពុជាមុនគេ នៃការងារផ្តល់ព័ត៌មានទាក់ទងនិងស្រ្តី និងមានគម្រោងជាច្រើនផ្សេងទៀតផងដែរ ដែលបានអនុវត្តកន្លងមកដូចជា ការពង្រឹងភាពអង់អាចដល់ស្រ្តីនៅតាមសហគមន៍ និងគម្រោងបង្កើត App សម្រាប់ជួយជនរងគ្រោះ ឬផ្តល់ព័ត៌ មានសម្រាប់អំពើហិង្សាជាដើម។
សម្រាប់ជំហានថ្មីនេះ គម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី ជប៉ុននឹងធ្វើការសិក្សាដើម្បីបម្លែងអគារដែលកំពុងដំណើរការបច្ចុប្បន្ន ឲ្យក្លាយទៅជាអគារទំនើបសម្រាប់ជាមជ្ឈមណ្ឌលសហគ្រិនភាពស្រ្តីនៅកម្ពុជា ។
ជប៉ុននឹងអាចផ្តល់លទ្ធភាពជំនួយជាមួយថវិការដ្ឋ ដើម្បីកែលម្អធ្វើទំនើបកម្មឲ្យប្រសើរជាមុន, ហើយចំពោះគម្រោងនេះដែរ ភាគីទាំងពីរនិងសិក្សាលទ្ធភាពនៃការសាងសង់ប្រហាក់ប្រហែលនិងអគារ CJCC របស់ជប៉ុន ជាកន្លែងទំនើប ទាក់ទាញមហាជន និងសម្រាប់អ្នករកស៊ីទទួលទានទូទៅ និងមួយផ្នែកទៀត ជប៉ុននិងអាចផ្តល់ជាសម្ភារៈសម្រាប់បំពាក់នៅក្នុងមជ្ឈមណ្ឌលនោះដោយផ្ទាល់ ដើម្បីបម្រើតាមតម្រូវការឲ្យបានគ្រប់គ្រាន់។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា តាមរយៈនៃគម្រោងនេះ ក្រសួងគោលបំណងធ្វើយ៉ាងណា ជំរុញដល់ស្រ្តីជាអាជីវករ ឬអ្នកធ្វើអាជីវកម្ម ដែលបានបញ្ចប់សិក្សាក្នុងមួយឆ្នាំទៅមួយឆ្នាំ អាចចេញពីមជ្ឈមណ្ឌលនេះឲ្យបានច្រើន ដើម្បីយកចំណេះ ជំនាញ ទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី