កីឡាចំនួន ៨ប្រភេទទៀតហើយ ដែលចាប់ផ្ដើមការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់ពីកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាការ៉ាតេ ដែលធ្វើការប្រកួតមុន តាំងពីថ្ងៃទី០៣ ខែកញ្ញា ។
សម្រាប់ ៨ប្រភេទកីឡាចុងក្រោយ ដែលទើបចាប់ផ្ដើមការប្រកួតថ្ងៃដំបូង កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញ រួមមានអត្តពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៉េតង់, ល្បុក្កតោ និងកីឡាហែលទឹក ។
គួរដឹងថា កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកកីឡាចំនួន ១២ប្រភេទ សម្រាប់រៀបចំការប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដាទីលានមួយចំនួន ក្នុងរាជធានីភ្នំពេញ ។
មកទល់ពេលនេះ ចំពោះប្រភេទកីឡាជាក្រុម មានបាល់ទាត់ បាល់ទះ និងបាល់បោះ ទោះបីធ្វើការប្រកួតមុនគេ តែពុំទាន់បញ្ចប់ឡើយ ដោយវិញ្ញាសាខ្លះ ទើបរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវិញ្ញាសាខ្លះ រកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ។ រីឯកីឡា បញ្ចប់ការប្រកួតមុនគេ មានតែមួយប្រភេទប៉ុណ្ណោះ គឺកីឡាការ៉ាតេ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធកន្លងទៅ ៕ អត្ថបទ លី ឈុនឡា