អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។
គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។
លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។
ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

