អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។
កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។
ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។
មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។
ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕


