ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានថ្លែងអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។
ឯកឧត្តមថ្លែងថា ក្នុងអតីតកាល និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបន្តថា បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីកដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញក្តីស្រមៃរបស់ខ្លួន។
ឯកឧត្តមបញ្ជាក់ថា៖«អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនសន្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល រីកចម្រើនជឿនលឿនតទៅមុខ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត»៕


