ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណា បានកក់កៅអីនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំក្រោយដែលរៀបចំនៅលើទឹកដីកូឌីវ័រហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុមបាល់ទាត់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ២-១ ក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងពូល។
ដឹកនាំក្រុមអតីតអ្នកចាត់ការ Newcastle Brighton និង Norwich លោក Chris Hughton ក្រុមដែលមានរហ័សនាមផ្កាយខ្មៅត្រូវបានអាហ្វ្រិកកណ្តាលនាំមុខ ដែលអាចនឹងឈានដល់បរាជ័យដ៏ភ្ញាក់ផ្អើល។
យ៉ាងណាក្តី កីឡាករចំនូលថ្មីរបស់ West Ham ដែលទើបទិញពី Ajax តម្លៃ ៣៨ លានផោន Mohamed Kudus ជាអ្នកតាមស្មើវិញមុនចប់វគ្គទី ១ មុនពេលដែលខ្សែប្រយុទ្ធ Lyon, Ernest Nuamah សម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៨៨។
លទ្ធផលនេះធ្វើឱ្យមានការខកបំណងខ្លាំងពីក្រុមអាហ្វ្រិកកណ្តាលដែលសង្ឃឹមថា នឹងអាចមានមុខនៅ Africa Cup of Nations ជាលើកដំបូង។
លទ្ធផលផ្សេងទៀតមាន អង់ហ្គោឡាក៏ទទួលបានកៅអីដែរក្រោយម៉ាដាហ្កាស្កាដើម្បីបញ្ចប់លេខ ២ ក្នុងពូល E នេះ។
វគ្គជម្រុះមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺពូលផ្សេងទៀតនឹងត្រូវសម្រេចកៅអីជុំផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែកញ្ញានេះមានដូចជា កាមេរូន សាធារណរដ្ឋកុងហ្គោ និង ហ្កាំបាជាដើមកំពុងសំឡឹងឃើញជ័យជំនះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមករាដើមឆ្នាំ ២០២៤ ដោយពិធីបើធ្វើឡើងនៅកីឡដ្ឋាន Alassane Ouattara រដ្ឋធានី Abidjan ប្រទេសកូឌីវ័រ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ
