ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនបានចំនួន៥នាក់ ដាច់ដោយឡែកពីគ្នាជាមួយសារធាតុញៀនជិត៥គីឡូក្រាម រួមទាំងអាវុធខ្លីមួយដើម។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ប្រាប់ទូរទស្សន៍BTVនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីប៉ុន្មានថ្ងៃមុននេះកងកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន៣នាក់ និងខ្មែរម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម និងរុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម នៅ២គោលដៅផ្សេងគ្នា។
របាយការណ៍ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះក្រោយមានការស្រាវ និងកំណត់បានគោលដៅច្បាស់លាស់ ដោយបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុង នោះជនជាតិចិនបីនាក់ និងខ្មែរម្នាក់។
ជនសង្ស័យទាំង៤នាក់នោះរួមមាន ១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។ ៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។ និងទី ៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ព្រមទាំងវត្ថុតាងដែលបានចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទបាន ចក់


