ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។
រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។
ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។
រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។
ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។
ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕


