ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។
សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។
ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។
ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។
ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕


