កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះប្រគល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងអប់រំប្រជាពលរដ្ឋអំពីវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ–១៩ និងជំងឺផ្សេងៗនៅតំបន់ដាច់ស្រយាល ស្ថិតក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ តុលា ២០២០។
ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធ នឹងជំងឺកូវីដ–១៩ និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងនាពេល កន្លងមកនេះ គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៦រូប ដឹកនាំដោយឯកឧត្តម ពាង ផារ័ត្ន ឯកឧត្តម សាន វណ្ណេត លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ តំណាងឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុកចំនួន៣ឃុំ សហការជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ បានបន្តចុះអប់រំ ណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធ នឹងជំងឺកូវីដ–១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត វិធីបង្ការគ្រុនចាញ់ , គ្រុនឈាម ព្រមទាំងពាំនាំការសួរសុខទុក្ខ យកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមមាន ពិនិត្យព្យាបាលជំងឺទូទៅ ជំងឺផ្តាសាយ សន្លាក់ឆ្អឹង ក្រពះ ពោះវៀន ចែកថ្នាំ មុលទីវីតាម៉ីន វីតាម៉ីនសេ ចែកអាល់កុល ជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ស្មើចំនួន១០៨នាក់ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ស្មើ ៥ គីឡូក្រាម , មី១កេស ៥០កញ្ចប់, ត្រីខ ១ យួ ស្មើនឹង ១០កំប៉ុង, ទឹកត្រី ៣ដប, ប្រេងឆា ១ដប ស្មើ ២លីត, ថវិកា ២ ម៉ឺនរៀល, ភួយម្នាក់១, ចែល ម្នាក់១ដប ជូនថវិកាដល់មូលដ្ឋានស្រុកចំនួន៤០ម៉ឺនរៀល ដើម្បីចាត់ចែងដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ សរុបជាថវិកាអស់ចំនួន២៣លានរៀល។
ឯកឧត្តម ពាង ផារ័ត្ន បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែគិតគូរពីសុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងរាជធានី ខេត្ត និងចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃគ្រប់ទីកន្លែង ដោយទទួលការណែនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលៈទេសៈ។ ប្រាកដណាស់បញ្ហាការរាតត្បាតជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងនោះ បានបណ្ដាលឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចនៅក្នុងគ្រួសារ ដូច្នេះ ទើបក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកជួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ។
ទន្ទឹមគ្នានោះដែរ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឱរ៉ាល់ លោក ស៊ិន ហេងទ្រី បានលើកឡើងថា ក្នុងស្ថានភាពកូវីដ១៩ យើងបានចុះអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ គ្រប់ភូមិ ឃុំ ជូនបងប្អូនប្រជាពលរដ្ឋ ដែលយើងកំពុងតែទប់ស្កាត់ជំងឺកូវីដ១៩ បែរជាមកជួបនឹងគ្រោះជំនន់ទឹកភ្លៀងទៀត។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ០៣រូប ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០៨នាក់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកទទួលអំណោយ និងថវិកា បាននិយាយស្រដៀងគ្នាថា គាត់ពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌នេះ៕
អត្ថបទ ៖ រដ្ឋា




