
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ ដោយសូមកុំចាំដល់ចុងខែដែលត្រូវបិទបញ្ចប់ ដែលនាំឲ្យខកខាន ឬការកកស្ទះដោយប្រការណាមួយមិនបានបង់ពន្ធ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum 2023) រៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២៣ នេះថា អគ្គនាយកដ្ឋានពន្ធដារ បានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធមធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ នឹងមានសេវាដឹកជញ្ជូនសាលកបត្រទៅដល់គេហដ្ឋានរបស់អស់លោកអ្នកផងដែរ។ App នេះ គឺបានផ្តល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញសាលកបត្រនោះឡើយ។
ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទើបអនុវត្តបានជិត ៥០ ភាគរយប៉ុណ្ណោះ ដោយនៅមានចំនួនច្រើនទៀត។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្ត សូមអញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ឲ្យបានមុនកាលកំណត់ នៅតាមសាខាពន្ធដារ ឬនៅតាមធនាគារជាដៃគូរក្តី ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុងខែ វិច្ឆិកាខាងមុខ។
សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង សរុបជាថវិកាមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕ អត្ថបទ៖ សុន រ៉ាឌី